បណ្តាញ នាពេលអនាគត គឺការឈោងទៅរក មិត្តភាពចាស់ៗរបស់អ្នក

ថ្ងៃ ពុធ,ខែ សីហា 2020 ម៉ោង 10:42 am | ចំណេះដឹង | ដោយ៖ ដារា
បណ្តាញ នាពេលអនាគត គឺការឈោងទៅរក មិត្តភាពចាស់ៗរបស់អ្នក

តើអ្នកគិតយ៉ាងណា នៅពេលអ្នកលឺពាក្យថា “បណ្តាញ”? ប្រហែលជាព្រឹត្តិការណ៍មួយ ដែលអ្នកជួបមួយមនុស្សចម្លែកៗហើយព្យាយាមហុចប័ណ្ណអាជីវកម្មរបស់អ្នក? ឬប្រហែលជាវាការផ្ញើសារនៅលើ Linkedln​ ឬ Facebook?តាមពិតទៅ នៅពេលអនាគត “បណ្តាញ” អាចមានន័យមួយដែលខុសពីការគិតខាងលើ។ លើសពីនេះទៀត ដើម្បីឱ្យអ្នករីកចម្រើន អ្នកនឹងត្រូវពិចារណាឡើងវិញ នូវវិធីដែលអ្នកបង្កើតបណ្តាញ។

ជាជាងការផ្សព្វផ្សាយខ្លួនអ្នក ទៅកាន់មនុស្សដែលមិនស្គាល់អ្វីអំពីអ្នក អ្វីដែលល្អបំផុតគឺ ត្រូវទៅរកមិត្តចាស់របស់អ្នក។ នៅពេលនេះ អ្នកប្រហែលជាកំពុងគិតថា “តើមិត្តចាស់របស់ខ្ញុំ មានទំនាក់ទំនងអ្វីទៅនឹង អាជីពរបស់ខ្ញុំ?” ពួកគេភាគច្រើន នឹងត្រូវផ្លាស់ប្តូរនៅក្នុងរង្វង់ផ្សេងគ្នា ធ្វើការនៅក្នុងវិស័យផ្សេងគ្នា និងរស់នៅក្នុងតំបន់ផ្សេងគ្នា។ អ្នកមិនអាចដឹងថា តើការទាក់ទងគ្នាឡើងវិញ អាចមានប្រយោជន៍សម្រាប់ អាជីពរបស់អ្នកយ៉ាងណាទេ។

ឧទាហរណ៍ អ្នកនិពន្ធម្នាក់ឈ្មោះ អានឌ្រា ខ្លាក (Andrea Clarke) ដែលមានអាជីពច្រើនតាំងពី ការរាយការណ៍តាមទូរទស្សន៍ និងការងារមនុស្សធម៌ ដល់តួនាទីបច្ចុប្បន្នរបស់គាត់ ក្នុងនាមជាអ្នកអប់រំនាយកប្រតិបត្តិ។​ គាត់បានភ្ជាប់ទំនាក់ទំនង ជាមួយមិត្តចាស់ម្នាក់បន្ទាប់ពី ២៥ ឆ្នាំ។ ក្នុងពេលជាក្មេងជំទង់​ ពួកគេបានចំណាយយុវវ័យរបស់ពួកគេ នៅក្នុងក្លឹបរាត្រីនិងបារ៍នានា ។ មិត្តរបស់គាត់ម្នាក់នេះឈ្មោះ ខែនឌីស ត្រេល័រ (Candice Treloar) ឥឡូវនេះបានធ្វើការឱ្យក្រុមហ៊ុនទូរគមនាគមន៍យក្ស របស់អូស្ត្រាលីមានឈ្មោះថា Telstra ។ តាមរយៈទំនាក់ទំនង ជាមួយមិត្តចាស់នេះ អ្នកនិពន្ធបានទទួលការងារដ៏មានតម្លៃ សម្រាប់ក្រុមហ៊ុនរបស់គាត់គឺ CareerCEO ។

អ្វីដែលសំខាន់នោះគឺ ដោយសារតែពួកគេមានមិត្តភាពយូរអង្វែងរួចទៅហើយ ដូច្នេះពួកគេអាចនិយាយត្រង់ជាមួយគ្នាទៅវិញទៅមក។ ពួកគេមិនចាំបាច់បង្កើតទំនាក់ទំនង ឬឆ្លងកាត់ការណាត់ជួប លក្ខណៈបែបការងារ។ ជាមួយមិត្តភក្តិ អ្វីៗគឺងាយស្រួល។

អត្ថប្រយោជន៍មួយទៀត នៃការបង្កើតមិត្តភាពឡើងវិញគឺ ទាក់ទងនឹងមនុស្ស។ នៅក្នុងទីផ្សារអាជីព ដែលមើលទៅហាក់ដូចជាកាន់តែឯកោ យើងត្រូវការការគាំទ្រផ្សេងៗ ដែលយើងអាចទទួលបាន។ ខណៈពេលដែល មានទ្រព្យសម្បត្ដិច្រើននៅបស្ចិមប្រទេស ការធ្លាក់ទឹកចិត្តមានកំរិតខ្ពស់ ហើយសហគមន៍កំពុងបែកបាក់និងឃ្លាតឆ្ងាយពីគ្នា។ ដូច្នេះអត្ថប្រយោជន៍នៃការមាន “ត្រកូល/ខ្សែរ” ដែលមានភាពស្និទ្ធស្នាល មិនអាចមើលរំលងបានទេ។

មនុស្សយើងជាសត្វសង្គម។ ឧទាហរណ៍ ការស្រាវជ្រាវបានបង្ហាញថា ភាគច្រើននៃមនុស្សដែលបានឆ្លងកាត់ សង្គ្រាមបូស្នៀ ឆ្នាំ១៩៩២ – ១៩៩៥ មានការសង្វេគនឹកដល់ ការរាប់អានដែលពួកគេមាន ក្នុងអម្លុងពេលមានជម្លោះនោះ។ គួរឱ្យស្តាយ ពួកគេមិនអាចរកឃើញ ស្មារតីសហគមន៍បែបនេះ នាពេលបច្ចុប្បន្ននេះទេ។ តើវាបង្ហាញយ៉ាងម៉េច អំពីយុគសម័យបច្ចុប្បន្នរបស់យើង ហើយតើយើងនឹងឆ្ពោះទៅទីណា? និយាយអោខ្លីយ៉ាងដូច្នេះ ដើម្បីរស់នៅពេលអនាគត អ្នកនឹងត្រូវការមិត្តភក្តិរបស់អ្នក ច្រើនជាងពេលណាទាំងអស់។

ដកស្រង់ពី៖ Kakvei

អត្តបទស្រដៀង