ដើម្បីជោគជ័យ អ្នកនឹងត្រូវពូកែ ក្នុងការទំនាក់ទំនង

ថ្ងៃ សុក្រ,ខែ សីហា 2020 ម៉ោង 9:12 am | ចំណេះដឹង | ដោយ៖ ដារា
ដើម្បីជោគជ័យ អ្នកនឹងត្រូវពូកែ ក្នុងការទំនាក់ទំនង

អនាគតនឹងនាំមកនូវ បច្ចេកវិទ្យាកាន់តែទំនើប លំហូរព័ត៌មានយ៉ាងឆាប់រហ័ស និងកម្រិតនៃភាពមិនប្រាកដប្រជាកាន់តែខ្ពស់។ វាគ្រប់គ្រាន់ក្នុងការ ធ្វើឱ្យអ្នកវិលមុខមែនទេ? តើមនុស្សសាមញ្ញដូចជាអ្នក អាចតាមវាទាន់ដោយរបៀបណា? និយាយអោយចំទៅ បើអ្នកចង់រស់នៅតាមទាន់សម័យកាល អ្នកនឹងត្រូវតែតាមអោយទាន់។​ ហើយវិធីមួយ ដើម្បីដើរទៅមុខគេ គឺក្លាយជាកំពូលអ្នកទំនាក់ទំនង។

នៅក្នុងពិភពនៃថ្ងៃអនាគតនេះ អ្នកនឹងត្រូវទទួលយក និងនិយាយប្រាប់ ឬបញ្ចេញព័ត៌មានស្មុគស្មាញ យ៉ាងឆាប់រហ័ស។ វានឹងមាន ការរំខាន និងការផ្លាស់ប្តូរជាបន្តបន្ទាប់ នៅក្នុងសកម្មភាពភាគច្រើនរបស់យើង ដូច្នេះអ្នកដែលអាចយល់ ហើយពាំនាំព័ត៌មានថ្មីៗទាំងនោះ នឹងក្លាយជាមនុស្សមានតម្លៃបំផុត។ អ្នកទាំងឡាយណា ដែលមិនអាចតាមទាន់ ជាមួយ នឹងការផ្លាស់ប្តូរទាំងអស់នេះ អាចនឹងក្លាយជាមនុស្ស ដែលគេលែងត្រូវការតទៅទៀត ដូចជាឧបករណ៍ចាក់ឌីស ក្នុងសម័យឯកសារឌីជីថលដូច្នោះដែរ។

ស្តាប់ទៅគួរអោយខ្លាចមែនទេ? ទោះយ៉ាងណាកុំបារម្ភអី មានរឿងដែលអ្នកអាចធ្វើ បានដើម្បីរៀបចំ។ មួយក្នុងចំនោមនោះគឺ រៀនពីអ្នកយកព័ត៌មានទូរទស្សន៍។ អ្នកយកព័ត៌មានទូរទស្សន៍ជារឿយៗ ត្រូវស្ទុះចូលដើម្បីដឹងរឿងរ៉ាវព័ត៌មាន ដែលកំពុងមានឡើង រួចបកស្រាយព័ត៌មានស្មុគស្មាញនោះ ហើយបន្ទាប់មកផ្សាយវាឱ្យច្បាស់ដល់មហាជន។ លើសពីនេះទៅទៀត ពួកគេនឹងត្រូវធ្វើការវិនិច្ឆ័យភ្លាមៗ អំពីប្រភេទសម្លេងណា ដែលសមស្របសម្រាប់រឿងនេះ ឬព័ត៌មានណាមួយ ដែលពួកគេគួរតែលុបចោល ឬបញ្ចូល។

និយាយជាក់ស្តែង នៅពេលពាំនាំព័ត៌មានសំខាន់ៗ ទៅមិត្តរួមការងារ ឬអ្នកគ្រប់គ្រង អ្នកអាចធ្វើតាមរចនាសម្ព័ន្ធ ដែលអ្នកយកព័ត៌មានទូរទស្សន៍ប្រើ។ ដូច្នេះដូចពួកគេដែរ អ្នកនឹងចាប់ផ្តើមជាមួយចំណងជើង។ នេះគឺជា ប្រយោគនិងគំនិត ដ៏មុតមាំមួយ។ វាអាចក្នុងទម្រង់ ជាឧបសគ្គថ្មី សម្រាប់ក្រុមការងាររបស់អ្នក ឬការស្ទង់មតិយោបល់សំខាន់មួយ ដែលទើបតែត្រូវបានចេញផ្សាយ។

បន្ទាប់មក អ្នកនឹងបង្ហាញព័ត៌មានទាំងអស់។ អ្នកគួរតែបង្ហាញនូវ រឿងពិតសំខាន់ៗចំនួនបី អំពីព័ត៌មានរបស់អ្នក ដែលគាំទ្រដោយស្ថិតិ និងទិន្នន័យ។ នៅពេលអ្នកធ្វើដូច្នេះ អ្នកគួរតែនិយាយ ពីសញ្ញណរបស់រឿងពិតនីមួយៗនោះ ឧទាហរណ៍៖ “បញ្ហាទី ១ … បញ្ហាទី ២ … បញ្ហាទី ៣ … “

ចុងក្រោយ អ្នកនឹងត្រូវបញ្ចប់សេចក្តី នៃការពាំនាំនោះ។ នេះគឺជាកន្លែងដែលអ្នក បញ្ជាក់ពីអ្វីដែលអ្នក ចង់អោយមិត្តរួមការងារ ឬអ្នកគ្រប់គ្រងរបស់អ្នកធ្វើ ជាមួយព័ត៌មានដែលបានផ្តល់អោយ។ អ្នកនឹងចង់ឱ្យពួកគេ ចងចាំផ្នែកចុងក្រោយនេះ ដូច្នេះធ្វើឱ្យវាច្បាស់ និងមានឥទ្ធិពល។ ប្រសិនបើអ្នក ត្រូវការអោយមានសកម្មភាព នោះត្រូវធ្វើអោយគេមានអារម្មណ៍ថាវាបន្ទាន់។ ប្រសិនបើអ្នក បង្ហាញពួកគេនូវរបកគំហើញណាមួយនោះ ត្រូវធ្វើឱ្យប្រាកដថា អ្នកពិតជាសង្កត់ធ្ងន់លើចំណុចនីមួយ។ដូច្នេះអនាគត មានន័យថាយើងនឹងត្រូវចេះ សម្របខ្លួន និងធ្វើការលឿន។ នៅអត្ថបទបន្ទាប់នេះ យើងនឹងពិនិត្តមើលថា ហេតុអ្វីការសម្របខ្លួន គឺជាគន្លឹះសំខាន់។

ដកស្រង់ពី៖ Kakvei

អត្តបទស្រដៀង